2026-04-28 13:42
15

ក្រចេះ៖ កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ចំនួន ១ក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា កូនផ្សោតនេះ ត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥និង២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។

នេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ចំនួនសរុប ១១៨ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។ 

ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ។ 

ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕