2026-04-28 10:26
19

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យនៃក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦និង០០នាទីព្រឹក ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំនៅកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួននៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។

សកម្មភាពនេះបង្ហាញពីភាពបើកចំហ និងតម្លាភាពរបស់កម្ពុជា ក្នុងការផ្តល់ឱ្យសហគមន៍អន្តរជាតិបានឃើញដោយផ្ទាល់ពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន និងការអនុវត្តបទឈប់បាញ់។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ កម្ពុជាបានបន្តបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញ អង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជាក៏បានបដិសេធយ៉ាងដាច់ខាតចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដើម្បីស្វែងរកដំណោះស្រាយជម្លោះ។

គោលដៅសំខាន់គឺសម្រេចឱ្យបាននូវដំណោះស្រាយដែលយុត្តិធម៌ មិនលម្អៀង និងមានចីរភាព ដើម្បីធានាថាប្រជាជននៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នាក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង៕