2026-04-28 10:14
11

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (ASEANEuropean Union) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រៅក្រសួងការបរទេសកម្ពុជា បានជួបទ្វេភាគីជាមួយ លោក  Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ព្រមទាំងការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងតំបន់ អាស៊ាន ផងដែរ»។ 

លោកបានលើកឡើងថា គោលដៅនេះត្រូវការការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាដែលមានស្រាប់ទាំងអស់៕