តាមប្រភពព័ត៌មានមូលដ្ឋាន បញ្ជាក់ថា អ្នកកាប់បានប្រើវិធី “កាប់ផង ដាំផង” ដោយកាប់ដើមឈើធំៗចេញ ហើយដាំដើមស្វាយចន្ទីជំនួស ដើម្បីបង្ហាញថាជាដីកសិកម្ម និងមានបំណងកាន់កាប់រយៈពេលវែង។ វិធីសាស្ត្រនេះត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្ត្របំបំភ្លៃស្ថានភាពដីព្រៃ ឲ្យក្លាយជាដីឯកជនដោយខុសច្បាប់។
សកម្មជនបរិស្ថាន លើកឡើងថា ព្រៃឈើនៅកម្ពុជា បច្ចុប្បន្ន កំពុងប្រឈមបញ្ហាធំចម្បងពីរ គឺ៖ ការកាប់ឈើយកទៅប្រើប្រាស់ និងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ ក្នុងនោះ ករណីទីពីរត្រូវបានចាត់ទុកថា គ្រោះថ្នាក់ខ្លាំងជាង ព្រោះបណ្តាលឱ្យបាត់បង់ទាំងដើមឈើតូចធំ និងផ្ទៃដីព្រៃជាប្រព័ន្ធ។
ប្រភពដដែលបន្ថែមថា អ្នកកាប់ទន្ទ្រានដីតំបន់ការពារមួយចំនួនទៀត គឺកាប់ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់ជីវភាពផ្ទាល់ខ្លួន ប៉ុន្តែមានមួយចំនួនទៀត បានកាប់ដីព្រៃរួចលក់បន្តឱ្យអ្នកមានធនធានហិរញ្ញវត្ថុ ក្នុងតម្លៃទាប ព្រោះជាការទិញ-លក់ខុសច្បាប់។ បន្ទាប់ពីលក់រួច អ្នកកាប់មួយចំនួនបានបន្តទៅកាប់តំបន់ថ្មីៗបន្ថែមទៀត បង្កើតជាវដ្តបំផ្លាញព្រៃឈើមិនឈប់ឈរ។
អ្នកជំនាញព្រមានថា ប្រសិនបើមិនមានវិធានការដាច់ខាត នោះព្រៃឈើនឹងបន្តហិនហោចយ៉ាងឆាប់រហ័ស ដែលនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកពាក់ព័ន្ធបានណែនាំឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរឹង ជាពិសេសចំពោះទាំងអ្នកកាប់ និងអ្នកទិញដីខុសច្បាប់ ព្រមទាំងលើកកម្ពស់ការអប់រំសាធារណៈអំពីតម្លៃព្រៃឈើ និងផ្តល់ជម្រើសជីវភាពជំនួសសម្រាប់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការតាមដាន និងការពារព្រៃ ត្រូវបានចាត់ទុកថា ជាគន្លឹះសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិឱ្យបានយូរអង្វែង៕







