2026-04-28 11:44
46

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធនឹងការដឹកនាំប្រមូលផ្តុំមនុស្សធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងបង្កឲ្យមានអំពើហិង្សា នៅខាងមុខធនាគារជាតិនៃកម្ពុជា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹក នៅតាមបណ្តោយផ្លូវហាណូយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមបាតុករ ជាង ១០០នាក់ រួមមាន ទាំងជនជាតិខ្មែរ និងបរទេស ត្រូវបានប្រមូលផ្តុំ ដើម្បីធ្វើការតវ៉ាពាក់ព័ន្ធនឹងបញ្ហាធនាគារ Huione & H Pay

ប្រភពដដែលបានឲ្យដឹងថា ការប្រមូលផ្តុំបានបង្កការរាំងស្ទះចរាចរណ៍ និងប៉ះពាល់ដល់សន្តិសុខសាធារណៈ មុននឹងឈានដល់ការប៉ះទង្គិច និងអំពើហិង្សា។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនមនុស្ស ចំនួន ២នាក់ ដែលជាមេខ្លោងដឹកនាំក្រុមបាតុករ ដើម្បីយកមកសួរនាំ និងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំងពីរ រួមមាន៖ ឈ្មោះ សួន សុវណ្ណថៃ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ម៉ៅការសំណង់ និង ឈ្មោះ វ៉ាត់ មករា អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ បុរី វីអាយភី ផ្ទះលេខ២០ ផ្លូវ3A ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ម្នាក់ក្នុងចំណោមអ្នកទាំងពីរ ត្រូវបានសង្ស័យថាជាមេខ្លោងក្នុងការរៀបចំ និងដឹកនាំសកម្មភាពបាតុកម្មខុសច្បាប់នេះ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ខណៈការស៊ើបអង្កេតបន្ថែមកំពុងបន្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត៕