2023-08-04 12:08
290


មណ្ឌលគិរី៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានបើលរថយន្តពាក់ស្លាកលេខរដ្ឋបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកុមារាម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់បង្កឱ្យមានការផ្អើលពេញខេត្តមណ្ឌលគិរី។
   សេចក្តីរាយការណ៍ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈបើករថយន្តមួយគ្រឿង ពាក់ស្លាកលេខ រដ្ឋ២០ ២-០១៥២ ដើម្បីចុះបេសកម្មមើលចំណុចផ្លូវជាតិលេខ ៧៦A ដែលបាក់ស្រុតនៅចំណុចអរងើយ ក្នុងស្រុកអូរាំង។
   តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី មានឈ្មោះ ជីង អាន អាយុ ០៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
   ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ យន់ សារ៉ោម មានតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បើកបររថយន្ត ម៉ាក វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ២០ ២-០១៥២ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។
   តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ រថយន្តពាក់ស្លាកលេខរដ្ឋ ដែលបើកបរដោយលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ដើម្បីចុះបេសកម្មត្រួតពិនិត្យផ្លូវជាតិលេខ ៧៦A ប៉ុន្តែទំនងជាងងុយដេកបានបុកក្មេងប្រុសម្នាក់ស្លាប់ ពេលកំពុងរត់លេងក្បែរចិញ្ចើមផ្លូវ និងជ្រុលទៅបុករថយន្តកាម៉ារីស្វិត ០១គ្រឿងទៀតផងដែរ។
   សូមជម្រាបផងដែរ លោក យន់ សារ៉ោម ប្រធានអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ធ្លាប់មានរឿងអាស្រូវជាច្រើននាពេលកន្លងមក រហូតអភិបាលខេត្តមណ្ឌលគិរីចេញលិខិតព្រមានផងដែរ ប៉ុន្តែពេលនោះបើករថយន្តស្លាកលេខរដ្ឋបង្កគ្រោះថ្នាក់ចរារណ៍បណ្តាកឱ្យក្មេងម្នាក់ស្លាប់ រួចបានរត់គេចខ្លួនពីការទទួលខុសត្រូវទៀត។
   បច្ចុប្បន្ន សពក្មេងប្រុសងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ខ្លួនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងប្រមូលយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕