2023-08-05 09:08
233

កំពង់ស្ពឺ៖ រថយន្តកូរ៉េដឹកកម្មករ-កម្មការិនី ០១គ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ស្រែបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាលជាង ៣០នាក់។ 

 ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករខាងលើ កើតឡើងនៅព្រឹកថៃ្ងសៅរ៍ ទី០៥ ខែសីហា ឆ្នាំ​២០២៣ វេលាម៉ោង ០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

 សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា  មានរថយន្ដកូរ៉េ ០១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ចំណុះ 2.5តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ​ ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រ សរុបជាង​ ៧០នា​ក់ ធ្វេី​ដំណេីរមកពីទិសខាងជើងទៅត្បូងមកដល់ចំណុចផ្លូវកោង​រថយន្ដបត់ទៅកើតបណ្ដា​លឲ្យរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែតែម្តង។

 លោក​វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការស្រុកសំរោងទង​ បានឲ្យដឹងថា អ្នករងរបួស​ក្នុងហេតុការណ៍នេះ មានជាង​ ៣០នាក់​ ធ្ងន់-ស្រាល​  ខណៈពេលនេះសមត្ថកិច្ចនគ​របាលបានកំពុងជួយសម្រួល និងសង្រ្គោះបញ្ជូនទៅកាន់​មន្ទីរពេទ្យឯកជន-រដ្ឋ​ សង្រ្គោះ​បន្ទាន់​៕