2023-08-26 04:08
299

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនដៃដល់ម្នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយលើស្រ្តីម្នាក់ បណ្តាលឱ្យរងរបួលធ្ងន់ នៅក្រុងបាត់ដំបង រួចព្យាយាមរត់គេចខ្លួនបាត់ជាងមួយសប្ដាហ៍ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញក្រុងបាត់ដំបង ចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនយកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់។ 

របាយការណ៍ដដែលបន្តថា មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដំបងវាយ) មួយកើតឡើង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចក្រុមទី១៤ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ទឹន សំណាង ហៅ ណាង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅលើជនរងគ្រោះឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរលាត់ក្បាលចេញឈាម។

ក្រោយទទួលព័ត៌មានដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបាន ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទឹន សំណាង ហៅណាង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។ 
សមត្ថកិច្ចដដែលបន្តថា ក្រោយពីការសាកសួរជនសង្ស័យពិតជាបានធ្វើសកម្មភាព យកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕