2023-08-28 01:08
306

ក្រោយមានការចុះផ្សាយពាក់ព័ន្ធនឹងការចាក់ដីរំលោភចូលឆ្នេរសមុទ្រ សាលាខែត្រព្រះសីហនុ បានបង្កើតគណៈកម្មការមួយ ដែលមានសមាសភាពចម្រុះដឹកនាំដោយលោក ឯម ភាព អភិបាលរង ខែត្រព្រះសីហនុ ដើម្បីចុះពិនិត្យទីតាំងចាក់ដីលុបឆ្នេរសមុទ្ររំលោភយកជាកម្មសិទ្ធិស្ថិតនៅចំណុចឡទឹកត្រីចាស់ក្នុងតំបន់រំដួលជើងភ្នំ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ។

ការចុះពិនិត្យទីតាំងខាងលើនៃគណៈកម្មការខែត្រធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានថា «មានការសាងសង់របងថ្មរឹងមាំ និងចាក់ដីលុបឆ្នេររំលោភធ្វើជាកម្មសិទ្ធិពេញបន្ទុកយ៉ាងអនាធិបតេយ្យខណៈអាជ្ញាធរ ក្រុងព្រះសីហនុ សម្រានមិនក្រោកសោះ»។

លោក ឯម ភាព អភិបាលរង ខែត្រព្រះសីហនុ ប្រធានក្រុមការងារ នៃគណៈកម្មការចម្រុះ ចុះពិនិត្យទីតាំងចាក់ដីលុបឆ្នេរចូលសមុទ្រ មានប្រសាសន៍យ៉ាងខ្លីតាម ប្រព័ន្ធតេឡេក្រាម កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថា «សូមទាក់ទងជាមួយលោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ»។ចំណែក អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ លោក ឃាង ភារម្យ វិញឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃខែឆ្នាំដដែល តាមប្រព័ន្ធតេឡេក្រាមថា «ក្រុមការងារខែត្របានធ្វើកំណត់ហេតុផ្អាកសកម្មភាពការដ្ឋានខាងលើរួចហើយ និងបានណែនាំឱ្យម្ចាស់ទីតាំង 
(អតីតឡទឹកត្រីចាស់) ឱ្យយកឯកសារ នៃការកាន់កាប់ដីមកបង្ហាញក្រុមការងារដើម្បីមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ»។ លោក ឃាង ភារម្យ បានសង្កត់ធ្ងន់ទៀតថា «ករណីនេះកំពុងស្ថិតក្នុងចំណាត់ការរបស់ ក្រុមការងារខែត្រ នៅឡើយ»។

ច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះសីហនុ មិនដែលអនុញ្ញាតច្បាប់សាងសង់សំណង់រឹងផ្សេងៗនៅមាត់សមុទ្រ ឬក៍នៅលើផ្ទៃសមុទ្រនោះទេ និងផ្ទៃដីទំហំចាប់ពី៥០០ម៉ែត្រការ៉េឡើងទៅ ច្រកចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះសីហនុ ក៍មិនមានសិទ្ធិអនុញ្ញាតច្បាប់ឱ្យសាងសង់អ្វីដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី ឈុន ដារី អភិបាលរង ក្រុងព្រះសីហនុ ទទួលបន្ទុក ផ្នែកច្រក
ចេញចូលតែមួយ នៃរដ្ឋបាល ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថាមហាជនក៏ដូចជាអ្នកសារព័ត៌មាននៅតែមានការងើយឆ្ងល់ពាក់ព័ន្ធនឹងការចាក់ដីរំលោភចូលឆ្នេរសមុទ្រខាងលើថាតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះ។