2023-09-02 11:09
337

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បានលើកលឡើងថា “វត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន សប្តាហ៍ក្រោយ…។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើយកនូវចំណុចសំខាន់ៗចំនួន ៤មកធ្វើការបកស្រាយ ដូចខាងក្រោម៖

១- ថ្ងៃចន្ទទី៤កញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និងជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ាន តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះ ជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។ 

២- សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មី នៃកម្ពុជាវិញ ទាំងនេះ គឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាង ពីព្រោះ ជាលើកទីមួយបង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា តាំងពីថ្ងៃទី២២សីហាមកម្ល៉េះ នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី៥កញ្ញា ខាងមុខនេះ នៅទីក្រុងចាកាតា ឯកឧត្តមបណ្ឌិត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង ១០រូប របស់អាស៊ាន។ ម្យ៉ាងចុងក្រោយ ពីព្រោះពីថ្ងៃទី៥ដល់ថ្ងៃទី៧កញ្ញា ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា ដដែល  ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ  នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការ ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន ១៧នាក់ យ៉ាងតិចដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចិន  ជប៉ុន  កូរ៉េខាងត្បូង  ឥណ្ឌា អាមេរិក រុស្ស៊ី អូស្ត្រាលី និងនូវែលសេឡង់។

៣- ប្រជាជាតិកម្ពុជាទាំងមូលគួរតែ និងត្រូវតែមានមោទនភាព ពីព្រោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិយើង នៅចំពោះមុខសមាជិកអាស៊ាន ៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ បញ្ហាតំបន់  និងបញ្ហាអន្តរជាតិ ដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើងត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែន អាស៊ី-ប៉ាស៊ីហ្វិក  និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាន និងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិយើង។

៤- ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និងមានឆន្ទៈមោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយ ប្រជាជាតិកម្ពុជាទាំងមូលគួរតែនឹងត្រូវតែរួបរួមគ្នាជាធ្លុងមួយ នៅពីក្រោយមេដឹកនាំប្រកបដោយថាមពលរបស់យើងរូបនេះ ដែលអាស៊ាន និងពិភពលោក នឹងសម្លឹងមើលហើយវាយតម្លៃ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕