2023-09-04 04:09
252

    ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ធ្វើសកម្មភាពលួចឡំប្រឺតា(កង់បីឥណ្ឌា)បានសម្រេច១លើក នៅមិនទាន់អស់ចិត្ត លើកក្រោយលួចម្ដងទៀតត្រូវបាននគរបាលក្របួចជាប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ នៅចំណុចភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

 មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ចាន់ធី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ 

 ចំណែកជនសង្ស័យមានគ្នា០៣នាក់( ឃាត់ខ្លួន០២ នាក់ គេចខ្លួន០១នាក់)៖ ១-ឈ្មោះ មាស អាំ ហៅ ស្វិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 ២-ឈ្មោះ សុខ សំណាង ហៅ ណង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣ គេចខ្លួន។ វត្ថុតាងចាប់យក៖ ឡំប្រឺតា០១គ្រឿង ពណ៌ស លេខតួ16708 ជារបស់ជនរងគ្រោះ ហើយផ្លាកលេខដែលពាក់ជាប់ឡំប្រឺតា ភ្នំពេញ 1IG 3455 (មិនមែនជាផ្លាកលេខឡំប្រឺតារបស់ជនរងគ្រោះទេ ជនសង្ស័យបានដោះដូរ)។

 ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ ជនរងគ្រោះបានបើកឡំប្រឺតារបស់ខ្លួនមកទុកនៅក្នុងផ្ទះ រួចទាញរបងបិទ ដោយពុំបានចាក់សោរបងទេ រួចក៏ចូលដេកបាត់ទៅ។ លុះព្រឹកឡើង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះក្រោកពីដេកវិញមិនឃើញឡំប្រឺតាដោយសង្ស័យថាចោរលួច ក៏ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ។ លុះមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន២នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

 បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលស្រុកពញាឮបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តតាមនីតិវិធី ៕