2023-09-25 03:09
376

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុង «កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣» ដោយមានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល អំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ្រសម្ដេចធិបតី នៅតំបន់ Time Square ថា ជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញ នយោបាយ និងបំភាន់សាធារណៈមតិ។ 

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖ 

១- ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ 

២- ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រលាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង «កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពី ថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣»។ 

៣. ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយតាម billboard) នោះផងដែរ៕