2023-10-06 12:10
345

កណ្តាល៖ ពិតជាសាហាវឃារឃៅបំផុត បុរសជាប្តីព្រោះខឹងប្រពន្ធដាក់ពាក្យសុំលែងលះបានធ្វើសកម្មភាពអា.ករសម្លាប់ប្រពន្ធ និងកូនស្រី អាយុ ០២ឆ្នាំ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម្មបំផុត។
   ករណីអំពើឃាតកម្មដ៏សាហាវលើម្តាយ និងកូន កើតឡើងនៅវេលាម៉ោង ០៥និង៣០នាទី នៅបន្ទប់ស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
របាយការណ៍ប៉ុលិស បានឲ្យដឹងថា ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឃឿន ស្រីវលក្ខ័ណ ភេទស្រី អាយុ ៣២ឆ្នាំ ជាប្រពន្ធ និងទី២- ឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ ២ឆ្នាំ ជាកូន។ ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប្តីបានគេចខ្លួនបាត់។
   របាយការណ៍ប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប បានឲ្យដឹងថា មុនពេលកើតហេតុរយៈពេលមួយថ្ងៃ (ថ្ងៃទី០៥ តុលា) ស្ត្រីរងគ្រោះបានទៅដាក់ពាក្យសុំលែងលះគ្នាជាមួយនៅសាលាឃុំជើងកើប ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ក៏បានត្រឡប់មកផ្ទះវិញ។ លុះនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្រ្តីជាប្រពន្ធ និងកូនត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្តង។
   បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ និងបន្តនីតិវិធីច្បាប់។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕