ភ្នំពេញ៖ និស្សិតខ្មែរម្នាក់ បានស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ប៉ាឡេស្ទីនជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។ នេះបើយោងតានសេចក្តីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលានេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា «មាននិស្សិតខ្មែរម្នាក់» បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកនោះ។
រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះផងដែរ៕