2023-10-19 04:10
552

ប៉េកាំង៖ បន្ទាប់ពីបញ្ចប់បេសកម្មប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះសម្តេចមហាបវរធិបតី អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ  នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) នៅរាជធានីរីយ៉ាដ  ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចធិបតីនាយរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំខាងលើនេះ តបតាមការអញ្ជើញរបស់ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ 

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕