2026-02-10 10:06
7

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ថា៖ «ការសម្រេចចិត្តគ្រប់ជំហានរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងដោយការពិចារណាយ៉ាងម៉ត់ចត់ មានការទទួលខុសត្រូវ និងការវាយតម្លៃច្បាស់លាស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន»។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣”។

សម្តេចធិបតីបានគូសបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយ ដែលកើតឡើងដោយប្រើកម្លាំងនោះឡើយ ហើយការអនុវត្តនានា ត្រូវគោរពតាមច្បាប់អន្តរជាតិជាដាច់ខាត»។

ការថ្លែងនេះ បង្ហាញពីជំហររឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈបន្តលើកកម្ពស់ការគោរពច្បាប់ និងសន្តិវិធីក្នុងទំនាក់ទំនងអន្តរជាតិ៕