2023-10-25 11:46
594

សៀមរាប៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា យន្តការផ្លូវការក្នុងការដោះស្រាយបញ្ហា និងវិវាទផ្សេងៗមានពីរមិនថានៅប្រទេសណានោះទេ គឺ “យន្តការដោះស្រាយតាមប្រព័ន្ធតុលាការ និងយន្តការដោះក្រៅប្រព័ន្ធតុលាការ”។ 

លោករដ្ឋមន្ត្រី លើកឡើងបែបនេះ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ លោកស្រី ពេជ ម៉ារ៉ែន ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួស លោក អ៊ាក ផល្លា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តស្វាយរៀង។ 

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា សម្រាប់យន្តការដោះស្រាយបញ្ហាផ្លូវការនៅកម្ពុជាមានពីរប្រភេទ គឺ ប្រភេទទី១៖ យន្តការតុលាការ ដែលចាត់ទុកថាជាយន្តការប្រពៃណីទំនើបស្ទើរតែប្រទេសណាមួយអត់មានតុលាការមិនមែនទេ, ប្រភេទទី២៖ យន្តការដោះវិវាទក្រៅប្រព័ន្ធតុលាការ កម្ពុជក៏មានយន្តការនេះឲ្យតែស្របច្បាប់។ 
លោករដ្ឋមន្ត្រីបានលើជាឧទាហរណ៍ថា អាជ្ញាធរជាតិដោះទំនាស់ដីធ្លី គឺជាយន្តការដោះស្រាយវិវាទមួយ ហើយយន្តការនេះមិនមែនជាយន្តការដោះតាមតុលាការទេ។ 

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានវិធី ក្នុងការដោះស្រាយផងដែរ គឺ វិធីកាត់ក្តី និងវិធីសម្រុះសម្រួលផ្សះផ្សាយវិវាទសុទ្ធតែវិធីដោះស្រាយវិវាទដែលទទួលស្គាល់ដោយច្បាប់។

លោករដ្ឋមន្ត្រី បានបន្ថែមថា នៅកម្ពុជាយើងមានប្រពៃណីមួយ ដែលទូលំទូលាយជាងការកាត់ក្តី គឺដើម្បីសម្រុះសម្រួលផ្សះផ្សារគ្នា ដែលជាដោះស្រាយឲ្យភាគីទាំងសងខាងទទួលយកបាន “ថយមួយជំហានម្នាក់ ដើម្បីស្វែងរកដំណោះឆាប់រហ័ស” វិធីមួយនេះ សម្រាប់កម្ពុជាមានគ្រឹះរបស់វា គ្រឹះធំបំផុត គឺស្ថិតក្នុងគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ។ 

សម្រាប់នយោបាយ “ឈ្នះ-ឈ្នះ” នេះមិនមែនដោះស្រាយត្រឹមវិវាទតូចតាចទេ គឺដោះស្រាយការបែកបាក់ជាតិដែលលិចលង់ដោយសង្គ្រាមអស់រយៈពេលជិត៣០ឆ្នាំ ទីបំផុតក្រោមគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោយើងបានស្រាយផ្សះផ្សាការបែកបាក់ជាតិរកបានដំណោះស្រាយសម្រាប់ប្រជាជាតុយើង កសាងបាននូវសុខសន្តិភាពពេញលេញ កសាងបាននូវឯកភាពជាតិ និងឯកភាពទឹកដី ដែលគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ភាពសុខសាន្តរបស់ប្រជាជនប្រកបដោយចីរភាព ហើយរហូតយើងប្រសិទ្ធនាមជូនសម្តេចតេជោ ជា “បិតាសន្តិភាពរបស់កម្ពុជា” រហូតដល់ពេលបច្ចុប្បន្ន៕