2023-11-02 10:56
501

បាត់ដំបង៖ គ្រូពេទ្យឆ្មបម្នាក់ ត្រូវបានកម្លាំងជំនាញសមត្ថកិច្ចនគរបាលស្រុកសំពៅលួន ឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ពាក់ព័ន្ធករណីរំលួតកូនដោយខុសច្បាប់ បណ្តាលឱ្យស្ត្រីមានផ្ទៃពោះ ៥សប្តាហ៍រងគ្រោះធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបានរហូតស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ស្ត្រីជាគ្រូពេទ្យឆ្មបម្នាក់ មានឈ្មោះ ធឿន នឿន ហៅណាក់ អាយុ ៥២ឆ្នាំ ស្ថិតនៅចំណុច ក្រុមទី៧ ក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ  ក្រុង-ខេត្តប៉ៃលិន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣និង១០ នាទីរសៀល ករណីអ្នកគ្រូពេទ្យឆ្មបម្នាក់ បានធ្វើការរំលូតកូនឲ្យស្ត្រីដែលមានគភ៌ម្នាក់ បណ្តាលឱ្យរងរបួស និងរហូតមានគ្រោះថ្នាក់ដល់ស្លាប់ នៅចំណុច ក្រុមទី៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។


តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរងរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ដែលមានផ្ទៃពោះរយៈ ៥សប្តាហ៍បានមកសេវារំលូតកូននៅផ្ទះអ្នកគ្រូពេទ្យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ដោយការប្រើទុយោបូបយកកូនចេញ រហូតបណ្តាលឱ្យជនរងគ្រោះមានសភាពឈឺធ្ងន់។ លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក៏បានបញ្ចូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង  ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៥០នាទី ជនរងគ្រោះបានទទួលមរណភាពក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០និង ៣២នាទី ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍ ទើបកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនស្ត្រីជាគ្រូពេទ្យឆ្មបឈ្មោះ ធឿន នឿន ហៅណាក់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់កាសែតថា «ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមផ្លវច្បាប់៕