(កំពង់ចាម)៖ ឯកឧត្តមលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយលោក លឹម ស៊ីដេនីន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ៧ និងលក្ខណៈបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដីមកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះរបស់ថ្នល់។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន បានឆាប់រហ័ស ទៅតាមផែនការដែលបានកំណត់។
សូមរំលឹកថា ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន។
គម្រោងនេះ គឺលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជាកម្រិតផ្លូវជាតិលេខ១ ដែលរចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជា៤កន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ០ ដល់គីឡូម៉ែត្រ១ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ៤៣ បូក៣០០ ដល់គីឡូម៉ែត្រ៥០០ បូក៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥ម៉ែត្រ និងសម្រាប់ទីតាំងក្រៅពីនេះ គឺមានទទឹងផ្លូវប្រវែង ២៤.៥ម៉ែត្រ៕