2023-11-24 16:45
452

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតឯកទេសវះកាត់ទាំងអស់ សហការគ្នា ដើម្បីបន្តលើកកម្ពស់គុណភាព នៃការផ្តល់សេវាសុខាភិបាល ជាពិសេសការវះកាត់ ប្រកបដោយប្រសិទ្ធភាព នៃសេវាព្យាបាលរបស់ខ្មែរតទៅទៀត។

លោក ឡឹម តារា បានបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាសល្យសាស្ត្រកម្ពុជា លើកទី២៨ ក្រោមប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមផ្តាំផ្ញើដល់សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងនិស្សិតឯកទេសវះកាត់ជំនាន់ថ្មី ត្រូវយកចិត្តទុកដាក់រួមសហការគ្នា ធ្វើយ៉ាងណាឱ្យកាន់ផ្តល់សេវាមានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត ជូនដល់ប្រជាជនកម្ពុជា ជាទីគាប់ចិត្ត»។

លោកសាស្ត្រាចារ្យ ឡឹម តារា ក៏បានបង្ហាញភាពរីករាយ ចំពោះភាពរីកលូតលាស់ នៃសមាគមសល្យសាស្ត្រកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៥។
លោកសាស្ត្រាចារ្យ ឡឹម តារា មានសង្ឃឹមថា នៅពេលអនាគត នឹងមានសមាគមឯកទេសជាច្រើនទៀត នឹងលេចឡើង ដើម្បីជួយឱ្យមានការរីកចម្រើនឯកទេសផ្សេងទៀត ក្នុងការបម្រើសេវាជូនដល់ប្រជាជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ព្រាប ឡី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា បានឱ្យដឹងថា ប្រធានបទ «បច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងការវះកាត់» នេះ ពិតជាបានឆ្លើយតប នឹងគោលនយោបាយកំណែទម្រង់សេវាសុខាភិបាល របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា ទិវាសល្យសាស្ត្រឆ្នាំនេះ មានបទបង្ហាញស្តីពីការរិះរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ដោយការវះកាត់ជាច្រើន បានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាងគ្រូពេទ្យជំនាញឯកទេសជាតិ និងអន្តរជាតិជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី ថៃ និងជប៉ុន។លោកប្រធានសមាគម សង្ឃឹមថា សមាជិកសមាជិកា នៃអង្គសន្និសីទទាំងអស់ នឹងខិតខំពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជំងឺ ដោយការវះកាត់ជូនប្រជាពលរដ្ឋ៕