
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក (The 3rd Cambodia-United States of America Public-Private Sector Dialogue) ដោយមានការចូលរួមពី លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិក នៅកម្ពុជា (AmCham Cambodia), តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអាម៉េរិក សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។ កិច្ចសន្ទនានេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីជាការពង្រឹងជំនឿចិត្តរបស់វិស័យឯកជន។
ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអាម៉េរិក ដែលបានចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនអាម៉េរិកទាំងអស់ ដែលបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពិសេស សហរដ្ឋអាម៉េរិក គឺជាគោលដៅនាំចេញធំមួយរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ សម្តែងនូវការគោរពអរគុណជូនចំពោះ លោកប្រធានាធិបតី Donald J. Trump ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងការស្ដារសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កាយវិការដ៏ឧត្តុង្គឧត្តមនេះ នឹងត្រូវបានកត់ត្រាទុកជាគំរូនៃភាពជាអ្នកដឹកនាំដែលយកសន្តិភាពជាធំ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។
តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអាម៉េរិក បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំង២លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើធុរកិច្ច ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការ។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពី គម្រោងនៃការដឹកនាំគណៈប្រតិភូកម្ពុជាចេញទៅបំពេញបេសកកម្មគោះទ្វារវិនិយោគ (Investment Roadshow) នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៤ នៃខែតុលា និងសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕




