
តូក្យូ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន (The National Diet Building)។
ក្នុងជំនួបនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក្នុងនោះ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ។ លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក AISAWA Ichiro រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់ច្បាស់អំពីឱកាសវិនិយោគនៅកម្ពុជា។ លោក លី ធុជ ក៏បានលើកឡើងអំពីការចូលរួមចំណែករបស់ជប៉ុន នៅក្នុងភាពជោគជ័យនៃសកម្មភាពមីនកម្ពុជា និងស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោក AISAWA Ichiro បានកោតសរសើរចំពោះភាពរីកចម្រើនជាទីកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញជំហរបន្តភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានផ្តល់ទំនុកចិត្ត និងបានបញ្ជូននិស្សិតឆ្នើមជាច្រើន មកបន្តការសិក្សានៅប្រទេសជប៉ុន ហើយលោកស្នើឱ្យកម្ពុជា បន្តបញ្ជូននិស្សិតមកសិក្សាឱ្យកាន់តែច្រើន ជាពិសេសមន្ត្រីរាជរដ្ឋាភិបាលរបស់កម្ពុជា។
លោក AISAWA Ichiro សន្យាថានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ដើម្បីស្វែងរកឧកាសវិនិយោគនៅកម្ពុជា៕

