
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រីម្នាក់ មានតួនាទី ជា “នាយករង” មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ត្រូវបានអង្គភាពសាម៉ី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរ និងបង្កហិង្សាដោយដកកាំភ្លើងខ្លីវាយក្បាលនារីម្នាក់ បណ្តាលឱ្យរងរបួស កាលពីយប់រំលងអធ្រាត្រថ្ងៃទី២២ ខែតុលា។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ករណី គ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះនារីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុច ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
ជាមួយគ្នានេះ កងរាជអាវុធហត្ថ បានទំនាក់ទំនងនារីរងគ្រោះ នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនទាំងស្រុង។ កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី៕
