ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា៖ ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថៃ មានជំនួបត្រីភាគី កម្ពុជា-ថៃ-ម៉ាឡេស៊ី ដោយភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង លោក Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងលោកនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ក្នុងជំនួបត្រីភាគីនេះ ភាគីទាំងបី បានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះ នៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។
ឈ្លាតឱកាសដ៏មានតម្លៃនោះ ភាគីកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ី ក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក ផងដែរ៕




