2025-10-23 14:21
16

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនរគបាលជាតិ ឃាត់ខ្លួនពាក់ព័ន្ធករណី «ឆបោកប្រាក់» ក្រោមរូបភាពទិញ-លក់ទូរសព្ទដៃតាមប្រពន្ធអនឡាញ រួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណី ឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ទូរសព្ទតាមអនឡាញ ដែលមានជនរងគ្រោះជាច្រើននាក់ដែលបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញ។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ ព.ដ.ន ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ត្រូវបានជនអនាមិកអូសទាញឱ្យធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់តាមគណនីធនាគារជាបន្ដបន្ទាប់ ហើយបានទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះដែលគណនីហ្វេសប៊ុករបស់ជនអនាមិកនៅតែបន្ដបង្ហោះផ្សព្វផ្សាយទិញ-លក់ទូរសព្ទ និងស្វែងរកអ្នកចូលរួមធ្វើសកម្មភាពទទួលប្រាក់ និងតបឆាត តាមរយៈលេខទូរសព្ទ ០៩៦ ៦៦០ ០៣២៥, ០៩៦ ៧៨៣ ៩៧២៥ និងបានឱ្យ QR Code របស់គណនីធនាគារផ្សេងៗ តាមបណ្ដាញសង្គមនានា ក្នុងគោលបំណងជ្រើរើសបុគ្គលិកសម្រាប់ការងារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញដែលមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកទទួលផលនៃបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕