2025-10-23 21:37
12

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ លោក Looi Kok Soon ប្រកាសអំពីការសម្រេចចិត្តក្នុងការលាលែងពីតំណែងនាយកប្រតិបត្តិមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក ដែលមានប្រសិទ្ធភាពភ្លាមៗ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបន្តការងារផ្ទាល់ខ្លួនរបស់លោក។

ប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ បញ្ជាក់ក្នុងសេចក្តីប្រកាសលាលែងថា «វាជាកិត្តិយសដ៏ធំធេងសម្រាប់លោកដែលបានដឹកនាំបុគ្គលិកដ៏ខិតខំប្រឹងប្រែងនៃធនាគារ ព្រីនស៍ ដែលបានអនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងការខិតខំអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងសហគមន៍របស់ពួកគេ។ លោកមានទំនុកចិត្តជាខ្លាំងថា ក្រុមការងារដឹកនាំ ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល នឹងបន្តដឹកនាំស្ថាប័នឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវជោគជ័យបន្ថែមទៀតនាពេលអនាគត»

សូមជម្រាបថា លោក Looi Kok Soon ជាជនជាតិ Malaysia មានបទពិសោធន៍គ្រប់គ្រងធនាគារជាច្រើនឆ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Looi ត្រូវបានធនាគារ Prince Bank Plc. ប្រចាំកម្ពុជា តែងតាំងជា Chief Executive Officer (CEO) មានប្រសិទ្ធភាពចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៤។ លោកមានភារកិច្ចដឹកនាំការបន្តអភិវឌ្ឍន៍ និងផ្តោតលើ «customer experience» និង «transformative financial solutions»

ការលាលែងរបស់ Looi ប្រធាននាយកប្រតិបត្តិពីធនាគារ «ព្រីនស៍» បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះ មានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការ ជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និង ជាពិសេស ដើម្បីធានានូវសុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ។

អាជ្ញាធរអាមេរិក (US) និង ចក្រភពអង់គ្លេស (UK) បានបង្ហាញការត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ លោក Chen Zhi និងក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយ Prince Holding Group។ ការត្រួតពិនិត្យនេះពាក់ព័ន្ធនឹងសេចក្តីសង្ស័យអំពីប្រភពទុន និងប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ និងបានរឹបអូសយកប្រាក់ ចំនួន ១៥ ពាន់លានដុល្លារ ជា bitcoin និងបង្កកអចលនទ្រព្យនៅទីក្រុងឡុងដ៍ដែលជាកម្មសិទ្ធិរបស់លោកដែលត្រូវបានចោទប្រកាន់ថាជាមេដឹកនាំនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ដែលបោកបញ្ឆោតជនរងគ្រោះជុំវិញពិភពលោក និងធ្វើទារុណកម្មអ្នកធ្វើការដែលត្រូវបានជួញដូរ៕