2023-11-25 10:49
461

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈប្រតិភូ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Nguyen Duc Hai ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម និងជាអនុប្រធានរដ្ឋសភា ក្នុងឱកាសដែល លោកអនុប្រធានទី១ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីកលើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងជំនួបសមភាគី រដ្ឋសភាទាំងពីរបានសម្តែងមនោសញ្ចេតនារីករាយរាក់ទាក់បំផុត និងបានពាំនាំការសាកសួរសុខទុក្ខរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់លោក និង លោក វឿង ដិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ លោកប្រធានគណៈប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ជាមិត្តជិតខាងដែលរួមសុខរួមទុក្ខជាប្រវត្តិសាស្រ្តជាមួយគ្នា ជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ និងបានធ្វើអោយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើត ចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ ឆ្នាំ២០២៣នេះ គម្រប់៥៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រជាជាតិទាំងពីរ។ មិត្តភាពយូរអង្វែងជាប្រពៃណីដ៏ថ្លៃថ្លានេះ បន្សល់ទុកមកតាំងពីរជ្ជកាល អតីតព្រះករុណាព្រះបាទព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ហើយត្រូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តបានយ៉ាងប្រសើរ និងបានចង្អុលបង្ហាញអោយអ្នកជំនាន់ក្រោយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គោរពដើរតាមមាគ៌ាដ៏ត្រឹមត្រូវនេះ ។

ក្នុងរយៈពេលជិត៥៦ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង។

រដ្ឋសភាប្រទេសទាំងពីរក៏បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការផ្នែកកាទូតសភា តាមរយៈការជម្រុញលើកទឹកចិត្ត និងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់បក្ស និងរដ្ឋាភិបាលប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី។

ប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណូបការៈដោយគ្មានថ្ងៃណាបំភ្លេចបានឡើយ ជូនដល់បក្ស រដ្ឋ និងវីរៈកងទ័ពវៀតណាមស្ម័គ្រចិត្តដែលបានជួយរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ឆ្លៀតឱកាសនេះដែរ លោកប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងអំណរគុណដល់ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែផ្តល់នូវការឧបត្ថម្ភគំាទ្រ ដល់ប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងថ្លែងអំណរគុណជូនលោកអគ្គលេខាធិការបក្សកុំម្មុនីស្តវៀតណាម ដែលបានផ្តល់កាដូអនុស្សាវរីយ៍ជាថវិកា ចំនួន២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា។ លោកប្រធានគណៈប្រតិភូសភាកម្ពុជា ស្នើដល់រដ្ឋសភាវៀតណាមបន្តជួយកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និង ការផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភា បានបន្តទៅរៀនខាងប្រព័ន្ធIT នៅវៀតណាម និង ជួយជម្រុញ បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍ ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ជាការឆ្លេីយតប លោកប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។ លោក បានអបអរសាទរសម្រាប់ជោគជ័យនៃការការបោះឆ្នោតសកលនៅកម្ពុជា ហើយអបអរសាទរដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ដល់ការបង្កើតរដ្ឋាភិបាលដោយរលូនប្រកប ដោយជោគជ័យ និងមានការពេញចិត្តជាខ្លាំងដល់ទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម។ រដ្ឋសភាវៀតណាម នឹងរងចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយប្រធានរដ្ឋសភា នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ។

ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ លោកប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម បានទទួលយកសំណូមពររបស់ភាគីសភាកម្ពុជា ព្រមទាំងស្នើឱ្យរដ្ឋសភាទាំងពីរមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ជាពិសេសសម្រាប់ក្រុមមិត្តភាពសភាវ័យក្មេង និងសភាស្រ្តី ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក។