2023-11-25 11:00
611

ភ្នំពេញ ៖ ព័ត៌មានចុងក្រោយកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិ កា ឆ្នាំ២០២៣ នេះលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាតិចិនដីគោកចំនួន៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ តំណាងអយ្យការបានបើកការស៊ីបសួររួចហើយ ពីបទ.ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស បទ.ប៉ុនប៉ងឆបោកមានស្ថានទម្ងន់ទោស និងបទ.ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ២៥៣ មាត្រា ២៥ ៤ មាត្រា ២៧ មាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្ម ទណ្ឌ ។ 

ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ទើបកាលពីល្ងាចថ្ងៃ២៤ខែវិច្ឆិកានេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យទាំង៣៣ នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ។

សូមជម្រាបថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភា ជានាយការិយាល័យ កាលពីរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់បញ្ជូនជនសង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិតទារប្រាក់ ទៅសាលាដំបូងរាជធានីភ្នំពេញចំនួន៣៣ នាក់ ក្នុងនោះមានជនជាតិចិន ដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ហើយសំណុំរឿងក៏បានដល់ដៃតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃរំលងអធ្រាត្រយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនសមត្តកិច្ចគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើ ការឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ និង បើកល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ។ ការចុះបង្ក្រាបនោះគឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិ យាយភាសាខ្មែរដោយអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជម្រិតទារប្រាក់ចំនួន២.៥០០ ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែរជាចាប់ប្អូន ប្រុសគាត់(ដើមបណ្តឹង)បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជម្រិតទារប្រាក់ទៅវិញ ។ បងស្រីជនរងគ្រោះប្រាប់សមត្តកិច្ចថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរស័ព្ទបញ្ជាក់ ពីទីតាំងដែលក្រុមជន សង្ស័យចាប់យកទៅបង្ខាំងជម្រិតទារប្រាក់នោះ ទើបគាត់បានទៅរាយការនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃជនឧក្រិដ្ឋដល់ទីតាំងនោះ ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្តកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានអគារកម្ពស់៣ជាន់ ឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រី ម្នាក់ ។ 
ក្រោយប្រតិបត្តិការកម្លាំងសមត្តកិច្ចបានធ្វើការដកហូតរថយន្តចំនួន៤ គ្រឿងរួមមាន ៖ 
.រថយន្តម៉ាករ៉ូសរ៉ូយមួយគ្រឿង 
.រថយន្តម៉ាកធន់ត្រា មួយគ្រឿង 
.រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង 
.រថយន្ត ម៉ាកឡង់គ្រីស័រ មួយគ្រឿង 
.ទូរស័ព្ទដៃចំនួន ១៧ គ្រឿង និងម៉ូតូ០២ គ្រឿង ៕