2023-11-25 11:02
411

(កំពត)កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្មចុះពេញមួយថ្ងៃដឹកនាំមន្ត្រីជំនាញចុះផ្សព្វផ្សាយអប់រំ និងសម្លាប់សត្វមាន់ទាប្រមាណជិត ១០០ក្បាល បន្ទាប់ពីស្ត្រីម្នាក់បានឆ្លងជំងឺផ្តាសាយបក្សី ដែលស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពត បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីមន្ត្រីមូលដ្ឋានស្តីពីហេតុការណ៍មាន់ទាឈឺងាប់ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនូវករណីពលរដ្ឋរស់នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់បានឆ្លងមេរោគផ្តាសាយបក្សី លោកប្រធានការិយាល័យផលិតកម្មបានដឹកនាំមន្ត្រីក្រោមឱវាទចុះដល់គោលដៅភ្លាមៗតែម្តង។

លោកប្រធានការិយាល័យបានចុះពេញមួយថ្ងៃនេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បានអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺនោះ។

លោក ម៉េង សន្តិភាព ប្រធានការិយាល័យបានបន្តឲ្យដឹងថា ក្រុមជំនាញក៏បានសម្លាប់សត្វមាន់ទាមានជំងឺចំនួន ៩១ក្បាល រួចជីកកប់យ៉ាងប្រយ័ត្ននិងប្រយែងឲ្យបានខ្ពស់បំផុត កុំសោកស្ដាយក្នុងការបាត់បង់ផលប្រយោជន៍របស់ទាំងនោះនឹងត្រូវប៉ះប៉ូវដោយការផ្តល់ពូជមាន់ទាជូនវិញក្រោយស្ថានភាពជំងឺបក្សីបានស្ងប់ស្ងាត់។

តាមការឱ្យដឹងពីអ្នកភូមិថា ប្រហែលជា ១សប្តាហ៍មុន ក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ មានសត្វមាន់ទាចាប់ផ្តើមឈឺ និងងាប់ជាបន្តបន្ទាប់រហូតគ្រួសារនីមួយៗស្ទើរទាំងអស់ពីទ្រុង ជាមួយនោះ ស្ត្រីវ័យ ២១ឆ្នាំម្នាក់ បានយកមាន់ងាប់ធ្វើម្ហូប រួចមានក៏អាការៈមិនស្រួលខ្លួនក៏ទៅទិញថ្នាំលេប។

ដោយសារស្ថានភាពមិនបានធូរស្បើយ អ្នកភូមិក៏ណែនាំឱ្យទៅជួបគ្រូពេទ្យស្រុកឈូកពិនិត្យ ហើយត្រូវបានបញ្ជូនបន្តទៅភ្នំពេញតែម្តង។
ក្រោយមកស្រាប់តែឮដំណឹងថា ស្ត្រីម្នាក់នោះបានឆ្លងជំងឺផ្តាសាយបក្សី ដែលបានធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភគ្រប់ៗគ្នាយ៉ាងខ្លាំងបំផុត។ (សឹង រ៉ាត់)