2023-11-27 12:01
473

សៀមរាប៖ នាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៨៤.៤០០នាក់ បានអញ្ជើញមកកម្សាន្តនៅខេត្តសៀមរាប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោកផងដែរ។

លោក អ៉ឹង គឹមលាង ប្រធានគណៈកម្មការបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា សម្រាបប្រព្រឹត្តដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ រៀចចំចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប។

លោកបន្ថែមទៀតថា ក្នុងឆ្នាំ២០២៣នេះ ការប្រណាំងទូក (ង) មានទូកចូលរួមចំនួន ៣២ទូក មានទូកនារី ០៣ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ៨២១នាក់ នារី ៨៩នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ អន្តរាជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីប្រណាំងទូក (ង) នេះ ក៏មានទូកមកពីខេត្ត ព្រះវិហារ បានចូលរួមផងដែរ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ចំនួន១០ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប៕