ភ្នំពេញ៖ មន្ត្រីយោធានាម្នាក់ ដែលស្រវឹងបើករថយន្ត TOYOTA TUNDRA បុកទម្លុះរបងបុរីពិភពថ្មី ត្រពាំងថ្លឹង ប្រើអំពើហិង្សាវាយសន្តិសុខបែកចិញ្ចើម គំរាមបាញ់បំបែកក្បាល និងអួតអាងស្គាល់អ្នកធំព្រមទាំងថ្នាក់ដឹកនាំនោះ ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបអង្កេតដោយចោទប្រកាន់ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ»។
នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បណ្តាញសារព័ត៌មានថា «សំណុំរឿងមន្ត្រីយោធាវាយសន្តិសុខឱ្យរងរបួស តំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ»។
សូមជម្រាបថា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហ្វី សុធា អាយុ ៥២ឆ្នាំ ជាមន្ត្រីយោធាមានបុណ្យស័ក្តិធំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបររថយន្ត ០១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ស្លាកកលេខ ភ្នំពេញ 2BF-1127 ដល់ច្រច្រកចូលបុរីបានបុករបងបុរីពិភពថ្មី រួចចូលទៅខាងក្នុងបាត់ភ្លាមៗនោះ ក្រុមសន្តិសុខក៏រាយការណ៍ទៅថ្នាក់លើអំពីសកម្មភាពបុគ្គលនេះ ប៉ុន្តែមួយសន្ទុះក្រោយមកបានបើករថយន្តមលដល់កន្លែងកើតហេតុបង្កជម្លោះពាក្យសម្តីតឹងសសៃករ និងគំរាមក្រុមសន្តិសុខ ដោយអួតខ្លួនខ្សែអ្នកធំ និងស្គាស់សុទ្ធតែថ្នាក់ដឹកនាំ និងបានទាញពិលដេញវ៉ៃសន្តិសុខម្នាក់ ឈ្មោះ អ៊ុម កួក ភេទប្រុស អាយុ ៤៧ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យបែកចុងចិញ្ចើមហូរឈាម។
ក្រុមសន្តិខដែលជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ១ បានឲ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍ ជនបង្កបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្ត។
បច្ចុប្បនជនសង្ស័យត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕