2023-11-28 14:55
371

(កែប)៖    នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរនាពេលថ្មីៗកន្លងមកនេះបានប្រាប់ឲ្យដឹងថាខេត្តកែប ប្រែមុខមាត់ថ្មីក្រោយទទួលបានផ្លូវប្របមាត់សមុទ្រមួយខ្សែជាង ១០ គីឡូម៉ែត្រតភ្ជាប់ពីកំពង់ផែកោះទន្សាយក្រុងកែបទៅឆ្នេរអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឆ្នេរសមុទ្រអង្កោលជាកន្លែង កម្សាន្តដ៍ទាក់ទាញមួយស្ថិតក្នុងខេត្តកែប។

ភ្ញៀវទេសចរដែលដើទៅលេងកម្សាន្តលម្ហែកាយសម្រាកស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទស្សនាទេសភាពព្រៃភ្នំ ហែលទឹកសមុទ្រលេងកម្សាន្ត មើលថ្ងៃលិច បោះជំរុំបោះតង់ស្ទូចត្រីទស្សនាឆ្នេរខ្សាច់អង្កោល គយគន់មើលថ្ងៃរះ។
ឆ្នេរអង្កោលសំបូរដោយគ្រឿងសមុទ្រធម្មជាតិ ដែលរកបានដោយប្រជានេសាទ ដូចជាក្ដាម បង្គារ ជាមួយតម្លៃសមរម្យទៀតផង។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថាពីមុនឆ្នេរអង្កោលនេះមិនសូវមានភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ ប៉ុន្មាននោះទេ ដោយសារមិនទាន់មានផ្លូវចូលដល់ឆ្នេរ ប៉ុន្តែមួយរយៈពេលនេះ ឆ្នេរអង្កោលបានប្រែមុខមាត់ថ្មី ក្រោយផ្លូវមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ បានតភ្ជាប់ពីកំពុងផែទេសចរណ៍កោះទន្សាយក្រុងកែប មកដល់ឆ្នេរអង្កោលបំបែកតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ និងបានបង្កងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានថ្លែងបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីផ្លូវប្របមាត់សមុទ្របានតភ្ជាប់ពីកំពុងផែទេសចរណ៍កោះទន្សាយក្រុងកែបមកដល់ឆ្នេរអង្កោល អនុញ្ញាតឱ្យធ្វើដំណើរនោះឃើញថាមានបងប្អូនប្រជាពលរដ្ឋឬភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានមកលេងលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅឆ្នេរអង្កោល ជាពិសេសនោះថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យទាន នៅចុងសប្តាហ៍ ដោយសារពីឆ្នេរអង្កោលទៅកាន់ក្រុងកែបខេត្តកែបនេះមានចម្ងាយជាង ១០ គីឡូម៉ែត្រ និងប្រើពេលត្រឹមតែ១០នាទីប៉ុណ្ណោះមកដល់កន្លែង។

លោកអភិបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ឆ្នេរអង្កោលជាឆ្នេរធម្មជាតិ មិនទាន់មានការកែច្នៃ មានខ្សាច់ល្អ និងទឹកថ្លា អាចឱ្យបងប្អូនប្រជាពលរដ្ឋ មកលេងលម្ហែកាយកម្សាន្តយ៉ាងសប្បាយរីករាយ។
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរបានបន្តថានាពេលថ្មីៗ អាជ្ញាធរតែងតែណែនាំដល់បងប្អូនអាជីវករលក់ដូរនៅតាមតំបន់ឆ្នេរនេះជាប្រចាំ ត្រូវរៀបចំបញ្ជីមុខម្ហូប ឱ្យបានច្បាស់លាស់ និងដាក់តម្លៃឱ្យសមរម្យ កុំឱ្យមានការលួចបន្លំភ្នែកជញ្ជីងដល់ភ្ញៀវ ធ្វើយ៉ាងណាឱ្យភ្ញៀវចូលចិត្ត ដែលមកលេងកម្សាន្តហើយ និងចង់ដើមកលេងកម្សាន្តលម្ហែសារជាថ្មីម្តងទៀតផងដែរ។(សឹង រ៉ាត់)