ពោធិ៍សាត់៖ តារាចម្រៀងល្បីល្បាញ ពេជ្រ រដ្ឋា ប្រចាំផលិតកម្ម TOWN Production ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែលើសរសើរនូវទឹកដមសម្លេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលបោកក្បាលស្លាប់ បន្ទាប់ពីចេញពីកម្មវិធីមង្គលការ។
ករណីតារាចម្រៀង ពេជ្រ រដ្ឋា ប្រចាំផលិតកម្ម TOWN ជួបគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ១២និង២៤នាទី រំលងអាធាត្រឈានចូលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ (២៧-២៨) ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ បានឱ្យដឹងថា មានម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-0443 បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ ពេជ្រ រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកចម្រៀង រស់នៅ ភូមិអូរហេង ឃុំ សំរោង ស្រុកភ្នំក្រវាញ (ពាក់មួកសុវត្ថិភាព) ដោយចេញមកពីក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ហើយត្រឡប់មកផ្ទះវិញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានដួលបោកទៅហ្នឹងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះទទួលមរណភាពតែម្តង។
សមត្ថកិច្ចនគរបាលបានសន្និដ្ឋានជាជំហានដំបូងថា ករណីគ្រោះថ្នាក់ចរាចរណ៍ របស់តារាចម្រៀង ឈ្មោះ ពេជ្រ រដ្ឋា នេះ ចំពោះមូលហេតុអាចមកពីកត្តាល្បឿនបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានគ្រោះថ្នាក់ដួលខ្លួនឯងបែបនេះ។
ចំពោះវត្ថុតាងសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងកំពុងធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុបន្តទៀត ។
សូមជម្រាបថា លោក ពេជ្រ រដ្ឋា តារាចម្រៀង ប្រចាំផលិតកម្ម TOWN Production ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែសួររករាល់ពេលមានកម្មវិធីសម្តេចចុះបំពេញបេសកម្មក្នុងខេត្តពោធិ៍សាត់ម្តង ដោយសារសម្តេចតេជោស្រឡាញ់ និងពេញចិត្តនូវទឹកដមសម្លេងដ៏ពិរោះតែម្តង៕