2023-11-30 16:59
407

ភ្នំពេញ៖ ទីតាំងលួចលាក់វេចខ្ចប់ផលិតផលផ្លែរស្លាចិន ក្លែងបន្លំ ម៉ាក KOUWEIWANG មួយកន្លែងត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិ ចំនួន ០២នាក់ ដើម្បីសាកសួរ និងបន្តនិតិថធីតាមផ្លូវច្បាប់។

 ការចុះបង្ក្រាបទីតាំងក្លែងបន្លំ ម៉ាកទំនិញផលិតផលផ្លែស្លាចិនខាងលើ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅ បុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ។

 ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងបានរកឃើញនូវឧបករណ៍សម្ភារ:បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាមម៉ាស៊ីនវេចខ្ចប់ ចំនួន ០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង។

 បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុក នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច  ហើយបាននាំខ្លួនម្ចាស់ទីតាំង ០២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕     

 ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕