ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង ៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿនតាមផ្លូវ៦០ម៉ែត្រ បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យរុឺម៉កម៉ូតូក្រឡាប់ផ្ងារជើង ចំណែករថយន្តបង្កបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់មួយដើមទៀតទើបទៅមុខលែងរួច។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 1K-2432 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AJ-3361 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឱ្យបាក់រាបដល់ដីទើបរថយន្តទៅមុខលែងរួច តែសំណាងល្អដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្សធ្ងន់ធ្ងរនោះទេ គឺខូចខាតតែសម្ភារនិងបង្គោលភ្លើងរដ្ឋមួយដើមតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕