2023-12-09 08:54
383

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការឆ្លើយតប នឹងករណីពាក្យប្ដឹងលើ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ឋៃ ជាអនុប្រធានក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយពីសំណាក់មេធាវីតំណាងឱ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ប្តឹងទាមយកស្រា ចំនួន ៤៨ដប និងលុយ ១០ម៉ឺនដុល្លារមកវិញ គឺ «ពាក់ព័ន្ធរឿងព្រហ្មទណ្ឌច្រើនហើយសំណុំរឿងនេះបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរួចរាល់ហើយ នូវរងចាំតែលទ្ធផលប៉ុណ្នោះ»។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា៖ នាពេលកន្លងមក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចឱ្យផ្អាកក្រុមការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ការធ្វើចុះបង្ក្រាប ឬធ្វើការត្រួតពិនិត្យផលិតផលក្លែងក្លាយទៀតទេ ដោយសារមានបណ្តឹងពីម្ចាស់អាជីវកម្ម ម្ចាស់ផលិតផលចោទប្រកាន់ថា «ក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃចុះធ្វើប្រតិបត្តិការមានភាពមិនប្រក្រតី ដោយអនុវត្តន៍ខុសគោលការណ៍ ខុសតួនាទី ផ្ទុយពីច្បាប់ទម្លាប់អីផ្សេងៗ....ដែលនាំឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគាត់»។

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា: ក្រោយកើតមានរឿងរ៉ាវមិមប្រក្រតីដូចខាលើ ឯកឧត្តម ស សុខា បានប្រគល់ភារកិច្ចឲ្យអគ្គាធិការដ្ឋានត្រួតពិនិត្យរឿងហ្នឹងចុះធ្វើអធិការកិច្ច ស្រាវជ្រាវ និងស៊ើបអង្កេត ចំពោះមន្ត្រីនគរបាលក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដែលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយដែលរងបណ្តឹងពីម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល។ 

ចំពោះការចុះអធិការកិច្ចរបស់ក្រុមការងារអគ្គាធិការទទួលលទ្ធល្អប្រសើរប្រហែល ៧០% ដោយរកឃើញថា «មន្ត្រីនគរបាលដែលចុះបង្ក្រាបផលិតផលក្លែងក្លាយនឹងមិនបានបំពេញតួនាទីភារកិច្ចមិនបានគ្រប់ជ្រុងជ្រោយខ្វះចន្លោះ ឬធ្វេសប្រហែសដោយប្រការណាមួយ ហើយខាងអគ្គាធិការនឹងបន្តកិច្ចការងារជាមួយថ្នាក់ដឹកនាំក្រសួងលើកិច្ចការបន្ថែមទៀតជាពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ពិនិត្យ និងសម្រេចលើមន្ត្រីដែលបានប្រព្រឹត្តនូវកំហុសឆ្គង»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា «រហូតដល់ពេលនេះមានបណ្តឹងមួយដែលបានចុះផ្សាយតាមសារព័ត៌មាននានា គឺប្តឹងឯកឧត្តម គឹម ជាតិ ពាក់ព័ន្ធចុះប្រតិបត្តិការបង្ក្រាប ឬត្រួតពិនិត្យផលិតផលក្លែងក្លាយ»។ ការទទួលបណ្តឹងនេះ ក្រោយពីអគ្គាធិការដ្ឋានបានប្រកាសនូវលេខទូសព្ទ ០២ខ្សែដើម្បីឲ្យម្ចាស់ផលិតផលទាំងអស់ដែលផលប៉ះពាល់មិនល្អក្នុងការចុះត្រួតពិនិត្យ ឬបង្ក្រាបផលិតក្លែងក្លាយហ្នឹងដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃតាមរយៈអគ្គារធិការដ្ឋានដោយមាន ០២បណ្តឹងជាលាយលក្ខអក្សរ និង០២បណ្តឹងតាមរយៈលេខទូរសព្ទដៃ បុន្តែបណ្តឹងតាមទូរសព្ទមិនច្បាស់លាស់ទេ។

លោក ទូច សុឃៈ បានលើកឡើងថា ពាក់ព័ន្ធបណ្តឹងលើ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការ ជាអនុប្រធានក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ គឺអគ្គារអិការដ្ឋានក្រសួងមហាផ្ទៃទទួលបានបណ្តឹងនឹងដែលរៀបចំដោយមេធាវីជាតំណាងឲ្យក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ហើយអគ្គារធិការដ្ឋានបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើទម្រង់ នៃបណ្តឹងលើខ្លឹមសារ និងតំណើររឿងហេតុនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «បណ្ដឹងលើ ឯកឧត្តម គឹម ជាតិ ភាគច្រើបផ្តោតលើរឿងព្រហ្មទណ្ឌច្រើន ដូចជាករណីកំណត់យកលុយយកកាត់ប៉ុនណេះប៉ុណ្ណោះជាដើម ដោយមិនបានផ្តោតលើការបំពេញតួនាទី ភារកិច្ច តាមបែបបទរដ្ឋបាល អញ្ចឹងបណ្តឹងផ្តោតតែលើរឿងព្រហ្មទណ្ឌ ទើបក្រុមការងារអគ្គារធិការដ្ឋានស្នើសុំយោបល់ទៅឯកឧត្តម ឧបនាយកនាយករដ្ឋមន្ដ្រី ស សុខា គួរបង្វែររឿងនេះទៅឲ្យអគ្គស្នងការនគរបាលជាតិ ដែលមានជំនាញនគរបាលយុត្តិធម៌ និងជំនាញព្រហ្មទណ្ឌចាត់ចែកលើរឿងនេះ»។

លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងសំណុំរឿងនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានឯកភាពរុញទៅឲ្យអគ្គស្នងការនគរបាលជាតិ ជាអ្នកអនុវត្តបន្ត បច្ចុប្បន្នកំពុងស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ កំពុងបំពេញនិតិវិធី បែបបទស្របតាមនិតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែលទ្ធផលអត់ទាន់អាចនិយាយបាននោះទេ ព្រោះការស៊ើបអង្កេតបន្តនិវិធីត្រូវការពេលវេលា ប្រមូលភស្តុតាង សាក្សីឲ្យបានល្អិតល្អន់រួចទើបធ្វើរបាយសំយោគគោរពរាយការណ៍ជួនមក ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចព្រមទាំងមានចំណាត់ការបន្តបន្ទាប់ទៀត»។

សូមជម្រាបថា នៅថ្ងៃទី០៨ ខែធ្នូនេះ ពាក្យបណ្តឹងរបស់មេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុបប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានបែកធ្លាយដល់ក្រុមអ្នកសារព័ត៌យកទៅចុះផ្សាយព្រោងព្រាត «ទាមទាមឱ្យលោកអនុរដ្ឋលេខាធិការប្រគល់ស្រា ចំនួន ៤៨ដប ដែលក្រុមការងារបានដកហូតព្រមទាំងស្នើសុំឱ្យប្រគល់ប្រាក់ ចំនួន ១០ម៉ឺនដុល្លារ ឱ្យកូនក្តីរបស់ខ្លួនវិញ ដែលបានយកក្នុងអំឡុងពេលចុះប្រតិបត្តិការចុះឆែកឃ្លាំងស្តុបទំនិញមួយកន្លែង និងស្នើសុំឲ្យមានចំណាត់តាមផ្លូវច្បាប់ផងដែរ»។

តាមពាក្យបណ្តឹងរបស់លោកមេធាវី អ៊ូច សុភត្រា អត្តលេខ ៧០១ មានការិយាល័យក្រុមមេធាវី ស៊ីនហាន មានអាសយដ្ឋាន ផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប ចុះថ្ងៃទី០៦ ខែតុលាការ ឆ្នាំ២០២៣ គោរពជូនលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវបានបែកធ្លាយ បានប្តឹងក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការនេះ។

តាមបណ្តឹងរបស់ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប បានរៀបរាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានក្រុមប្រតិបត្តិការរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មួយក្រុម ដែលដឹកនាំដោយ ឯកឧត្តម គឹម ជាតិ អនុរដ្ឋលិខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការបានចូលមកក្នុងទីតាំង ឃ្លាំងស្រាស្របច្បាប់របស់ ក្រុមហ៊ុនកូនក្តីរបស់ខ្លួន ដោយចោទប្រកាន់ថា «ផលិតផលរបស់ក្រុមហ៊ុនកូនក្តីរបស់ខ្លួន មានដូចជា ស្រាចំរុះ និង ប្រេងកូឡា ប្រេងខ្យល់មិនស្របច្បាប់ ហើយតំរូវឱ្យដកហូតយកមួយចំនួនទៅពិនិត្យ និងតំរូវឱ្យបិទសៀលលើទ្វារឃ្លាំងមិនឱ្យក្រុមហ៊ុនកូនក្តីលោកធ្វើអាជីវកម្មបាន និងទាមទារប្រាក់ ចំនួន $100,000 (ដប់ម៉ឺន ដុល្លារអាមេរិក) ជាថ្នូរនឹងការបើកឱ្យដំណើរការអាជីវកម្មធម្មតាវិញ»។ 

បណ្តឹងរបស់មេធាវីតំណាងក្រុមហ៊ុននេះ បានបញ្ជាក់ថា «ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុនក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឱ្យក្រុម ឯកឧត្តម គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឱ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេដៃព្រមទទួលលើកិច្ចសន្យា ស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជាផ្លូវការឡើយ។ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនកូនរបស់ខ្លួនបាទបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះ ដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ»។

លោកមេធាវី អ៊ូច សុភត្រា ជាមេធាវីតំណាងឲ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច» គ្រុប បានសំណូមពរស្នើសុំដល់ឯកឧត្តមអគ្គាធិការ ដូចខាងក្រោម៖ 
១- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ស្រា ចំនួន ៤៨ដប ដែលបានដកហូតក្រុមហ៊ុនវិញ។ 
២- ស្នើសុំឱ្យ ឯកឧត្តម គឹម ជាតិ ប្រគល់ប្រាក់ ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក)ឱ្យមកក្រុមហ៊ុនកូនក្តីគាត់វិញ។
ទី៣- ស្នើសុំឱ្យ ឯកឧត្តម អគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះ ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

ក្នុងករណីនេះ មេធាវីតំណាងឱ្យ ក្រុមហ៊ុន «ឈីវ ទីម៉ិច»  ស្នើសុំឱ្យអគ្គាធិការដ្ឋានមេត្តាជួយអន្តរាគមន៍ និងមានវិធានការច្បាប់ តាមនីតិវិធីចំពោះទង្វើ និងសកម្មភាព ឯកឧត្តម គឹម ជាតិ ដែលបានប្រព្រឹត្តិកន្លងមក ដើម្បីផ្តល់នូវយុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសដល់ក្រុមហ៊ុនផងដែរ៕