2025-10-15 14:28
72

កំពង់ស្ពឺ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំង ដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន ១ កន្លែង និងបន្ទប់ទឹក ចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែក ចំនួន ៤ ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។

ក្នុងឱកាសនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ «គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់  នាពេលកន្លងមក។

ក្នុងន័យនេះ ក្រសួងបរិស្ថាន បានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របយតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់ ១០០% ដោយគ្មានការលើកលែង ចំពោះជនប្រព្រឹត្តបទល្មើស។ 

ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៨៥៥ បានចែងស្តីពី ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា ៨៥០ ចំណុច «ង»   បានចែងពីការដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» ការបោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មីក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទទួលបន្ទុកបរិស្ថាន និងធនធានធម្មជាតិ។ តំបន់ទាំងនោះមានលក្ខណៈសំខាន់ទាំងផ្នែករូបសាស្រ្ត និងជីវសាស្រ្តដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ក្នុងបំណងការពារ និងថែទាំ ជីវៈចម្រុះ ធនធានធម្មជាតិ  និងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រង ប្រកបដោយនិរន្តរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គមនិងសេដ្ឋកិច្ច៕