2025-10-15 16:43
8

ភ្នំពេញ៖ ជនដៃជាឃាតករ «ស៊ីឈ្នួល» បាញ់សម្លាប់មនុស្សម្នាក់ និងស្ត្រីជាអ្នកជួលម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនិតិវិធី ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្មបាញ់សម្លាប់ជនរងគ្រោះម្នាក់មិនបានសម្រេច នៅទឹកដីខណ្ឌច្បារអំពៅ។

នៅរសៀលថ្ងៃទី១៥ ខែតុលានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារ នៅខណ្ឌច្បារអំពៅ ដែលកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤និង៥០នាទី នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១ គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នគរបាលបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ អួង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា «នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល ចំនួន ២,៣០០ដុល្លារ»។ 

ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី និងដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី ០១ ដើម ម៉ាក K59។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនិតិវិធីច្បាប់៕