ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា សាច់បង្កកជាង ៣៧០តោន ដែលរកឃើញក្នុងឃ្លាំងមួយកន្លែង ក្នុងសង្កាត់ក្រាំងធ្នង់ ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ ពីប្រទេសនាំចេញហើយនៅមានសុពលភាពប្រើប្រាស់ ពោល គឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា៖ នាពេលថ្មីៗកន្លងមកនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅក្នុងឃ្លាំងនោះមានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០តោន ហើយករណីនេះ ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែល «នាំចូលគ្មានច្បាប់» ។
អគ្គនាយកដ្ឋានគយបញ្ជាក់ថា «ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ»។
អគ្គនាយកដ្ឋានគយ បានបន្ថែមទៀតថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អ.គ.រ. បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវ និង សាកសួរម្ចាស់ឃ្លាំងអំពីអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។ ជាលទ្ធផល អគរ បានពិនិត្យឃើញថា «សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០តោន ត្រូវបាននាំចូលដោយបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោល គឺពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ ដូចបានលើកឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់បន្ថែមថា «អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពី ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតនាំចូល ឬលិខិតគតិយុត្តប្រហាក់ប្រហែលពី ក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ»។
ទន្ទឹមនេះ នាពេលកន្លងមក អគរ បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់នូវសាច់បង្កកខូចគុណភាព ដែលត្រូវបានលួចនាំចូលមកកម្ពុជា តាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធផងដែរ៕