ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រមានចាត់វិធានច្បាប់តឹងរឹងបំផុត ចំពោះមេខ្លោងដែលដើរបំផុសបំផុល គៀងគរយកស្នាមមេដៃរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៍ ត្រចំណុច អូរតាអឹង ក្នុងតំបន់ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាប «ក្បាលឆាយ» តាមអនុក្រឹត្យលេខ ១២ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងមេខ្យល់ទាំងនោះដកខ្លួនចេញជាបន្ទាប់ ប្រជាពលរដ្ឋដែលរងគ្រោះត្រូវរាយការណ៍ និងដាក់ពាក្យបណ្ដឹងក្រុមជនឆបោកទាំងនោះមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាមទារប្រាក់របស់ខ្លួនមកវិញផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្រមការងារ MSJ TV ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានទទួលព័ត៌មាន អំពីសកម្មភាព នៃការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៏ ស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាប «ក្បាលឆាយ» ត្រង់ចំណុច អូរតាអឹង ក្នុងភូមិ៣ សង្កាត់លេ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា «ដីស្ថិតតំបន់ខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ តាមអនុក្រឹត្យលេខ ១២ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២»។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងបន្ថែមទៀតថា «ចំការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូតិ៍ខាងលើនេះ ក្នុងប្រជាពលរដ្ឋម្នាក់ ត្រូវបង់ប្រាក់ ចំនួន ១០ដុល្លារ (ដប់ដុល្លារ) ទៅឱ្យអ្នករត់ការ»។
រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តមិនមានគោលការណ៍ក្នុងការផ្ដល់ដីឡូត៏នៅក្នុង តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយជូនប្រជាពលរដ្ឋនោះទេ។ ចំពោះសកម្មភាព នៃការប្រមូលស្នាម មេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំដីឡូត៏ ស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ចំណុច អូរតាអឹង ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខាងលើនេះ កំពុងបង្កឱ្យមានភាពចលាចល និងការចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
ចំពោះទង្វើខាងលើនេះ រដ្ឋបាលខេត្តស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រកចាប់ក្រុមមេក្លោងដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់បោកតាមការញុះញុង របស់ក្រុមមេខ្យល់ សូមប្រញាប់ដកខ្លួនចេញជាបន្ទាន់ចៀសវាងការប្រឈមមុខចំពោះផ្លូវច្បាប់ ដោយត្រូវរាយការណ៍ និងដាក់ពាក្យបណ្ដឹងក្រុមជនឆបោកទាំងនោះមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាមទារប្រាក់របស់ខ្លួនមកវិញ៕