ភ្នំពេញ៖ ក្រុមមន្រ្តីនគរបាលចរាចរណ៍ ចំនួន ០៣នាក់ ដែលហៅឃាត់រថយន្ត ០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅក្តាន់ពីរ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត ០១គ្រឿង ចោទថា «ល្មើសសញ្ញាចរាចរណ៍» បង្កឱ្យមានការប្រកែកគ្នា រវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើង នៅគោលដៅភ្លើងសញ្ញាចរាចរណ៍ក្តាន់ពីរ កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។
បន្ទាប់ពីឃើញឃ្លីបវីដេអូសកម្មភាពឃាត់រថយន្ត និងផ្ទុះការរិះគន់ពីសំណាក់មហាជនអ្នកនិយមលេងបណ្តាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ ចំនួន ០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កន្លទៅ មន្រ្តីនគរបាលចរាចរណ៍ ចំនួន ០៣នាក់ ដែលស្ថិតក្នុងរឿងរ៉ាវបញ្ហានៅគោលដៅភ្លើងសញ្ញាចរាចរណ៍ «ក្តាន់ពីរ» ត្រូវបានកោះហៅយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ៕