ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើមិត្តចិនឱ្យជួយផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកដើរលេងកម្សាន្តកាន់តែច្រើននៅកម្ពុជា ។ លោក ឃួង ស្រេង បានស្នើមិត្ដចិនបែបនេះ ខណៈលោកទទួលជួប លោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនិងសន្និសីទប្រឹក្សានយោបាយសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ទីក្រុងភ្នំពេញកាលពីមុនជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឱ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។
លោកបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែទោះបីជាមានការរីកចម្រើនបែបនេះក្តី ក៏បញ្ហាប្រឈមនៅតែមាន តម្រូវឱ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេសលើការកកស្ទះចរាចរណ៍និងបញ្ហាសំរាមសំណល់រឹង ដោយសារតែរាជធានីភ្នំពេញពីមុនគឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើនធ្វើឱ្យរាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញចូលរាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗទៅហើយ ។
លោក ឃួង ស្រេង បានបន្ដថា៖ ទំនាក់ទំនងរវាងប្រទេសចិននឹងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែបនិងចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ ។ ដោយហេតុនេះហើយ សូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកដើរលេងកម្សាន្តនៅកម្ពុជាកាន់តែច្រើន ។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំងនឹងរាជធានីភ្នំពេញនឹងធ្វើឱ្យភ្ញៀវទេសចរចិនមានកំណើនថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសចិនពិសេស គឺទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញនឹងចង់បង្កើតជាគណនី media ផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនកើនឡើង។
លោកបានបន្ដថា៖ ភ្នំពេញមានមហាវិថីមួយឈ្នោះម៉ៅសេទុង ហើយស្ថានទូតចិន ក៏មានទីតាំងនៅលើមហាវិថីម៉ៅសេទុងផងដែរ រដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យទីក្រុងប៉េងកាំងរួមចំណែក ក្នុងការកែលម្អសោភណភាពលើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះឱ្យកាន់តែល្អប្រសើរឡើង។ សូមជួយផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរបានទៅ សិក្សារៀនសូត្រនៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយមានការបណ្ដុះ បណ្ដាលធនធានមនុស្សបានល្អ។ ដូច្នេះសូមលោក លូ យ៉ាន ពិភាក្សាជាមួយអភិបាលទីក្រុងប៉េកាំងលើបញ្ហាទាំងពីរនេះ ។
លោក លូ យ៉ាន Mr. Lu Yan បាន បញ្ជាក់ថា៖ ទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញមានបញ្ហាប្រឈមដូចគ្នាទៅលើ ការកកស្ទះចរាចរណ៍និងបញ្ហាសំរាម សំណល់រឹង។ រាជធានីភ្នំពេញនិងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ៥ឆ្នាំហើយ ។ ការជួបពិភាក្សាការងារសម្ដែងការគួសមនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងឱ្យកាន់តែល្អនិងយូរអង្វែងបន្ថែមទៀត។ ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញជាទំនាក់ទំនងដែកថែបនិងទំនាក់ទំនងត្បូងពេជ្រ សូមឱ្យចំណងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅជ្រះ។
លោក លូ យ៉ាន Mr. Lu Yan បានបញ្ជាក់ ថា៖ សូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំងនៅពេលវេលាដ៏សមស្របណាមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំងនឹងរាជធានីភ្នំពេញជាទំនាក់ទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងប៉េកាំងនឹងទីក្រុងភ្នំពេញ។
ចង់បង្កើតនៅគណនីមេឌា(media)លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកកាន់តែល្អប្រសើរឡើង ៕