ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួន បុរសម្នាក់ដែលបានប្រើហិង្សាដោយអចេតនាបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឱ្យមនុស្សស្លាប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទៀបភ្លឺ។
សមត្ថកិច្ចបានបញ្ជាក់ថា : ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងភ្លើងនិងអ្នកដឹកជញ្ជូនអីវ៉ាន់ ស្នាក់នៅផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។
ជនរងគ្រោះឈ្មោះ កន វឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចោរលួចទ្រព្យសម្បត្តិ) (ស្លាប់)។
តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះដែលបានស្លាប់នោះ បានធ្វើសកម្មភាពចូលលួចរបស់របរនៅក្នុងផ្ទះរបស់ជនសង្ស័យដែលជាម្ចាស់ផ្ទះ ខណៈកំពុងលួចស្រាប់តែម្ចាស់ផ្ទះឃើញ ពេលនោះជនរងគ្រោះដែលជាចោរបានដកកាំបិតដើម្បីគំរាមម្ចាស់ផ្ទះ តែត្រូវបានម្ចាស់ផ្ទះបានយកកាំបិតចុងស្រួចចាក់ជនរងគ្រោះដែលជាចោរនោះដោយអចេតនាបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
បច្ចុប្បន្នម្ចាស់ផ្ទះដែលចាក់សម្លាប់ចោរនោះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាអយ្យការបើកការស៊ើបសួរ។
ជនសង្ស័យដែលជាចោរបានស្លាប់ក្លាយជាជនរងគ្រោះ ចំណែកម្ចាស់ផ្ទះបានសម្លាប់ជនរងគ្រោះដែលជាចោរស្លាប់ភ្លាមៗ ម្ចាស់ផ្ទះក្លាយជាជនសង្ស័យពីបទសម្លាប់មនុស្សដោយអចេតនា៕