សៀមរាប៖ និសិត្សស្រីម្នាក់ ទិញបាយប្រអប់ក្នុងតម្លៃ ៤,០០០រៀល ប៉ុន្តែច្រឡំផ្ទេរទឹកប្រាក់ ដើម្បីទូទាត់ថ្លៃទិញអាហាររហូត ៤,០០០ដុល្លារ ក្រោយពេលដឹងខ្លួនថាទូទាត់ប្រាក់លើក៏បានស្នើសុំអ្នកលក់បាយផ្ទេរទឹកប្រាក់ច្រឡំនោះចូលមកគណនីខ្លួនវិញ ប៉ុន្តែអ្នកលក់បាយមិនព្រម ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចចុងក្រោយត្រូវបានចាប់ខ្លួនតែម្តង។
រឿងរ៉ាវបែបនេះ តែងតែកើតមានជាញឹកញាប់ ចំពោះអ្នកនិយមប្រើប្រាស់ការទូទាត់ផ្សេងៗ តាមប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ (QR Code) ជាក់ស្តែង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំ យោធិន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្រុកកំណើត នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ន ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រោះតែមិនព្រមផ្ទេលុយត្រឡប់ឱ្យអតិថិជនរបស់ខ្លួនវិញ បន្ទាប់ពីជនរងគ្រោះទូទាត់ច្រឡំទឹកប្រាក់។
តាមប្រភពព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១៨នាទី នៅចំណុច ហាងលក់បាយ ត្រង់ចំណុច ក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប មាននារីម្នាក់ឈ្មោះ ចែត ខ្លូត អាយុ ២១ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង បានទិញបាយសាច់ជ្រូកខ្ចប់មួយប្រអប់ក្នុងតម្លៃ ៤,០០០រៀល កន្លែងលក់បាយរបស់ ឈ្មោះ សំ យោធិន ដោយទូទាត់តាមរយៈ QR Code របស់ជនសង្ស័យដើម្បីផ្ទេរប្រាក់ថ្លៃបាត ចំនួន ៤,០០០រៀល ប៉ុន្តែពេលនោះ ជនរងគ្រោះច្រឡំស្គេនខាងប្រាក់ដុល្លារ រួចបានផ្ទេប្រាក់ច្រឡំទឹកប្រាក់រហូតដល់ ៤ ០០០ដុល្លារ។
ប្រភបន្តទៀតថា នារីរងគ្រោះបានប្រើប្រាស់គណនី ABA មានឈ្មោះ CHET KHLUOT (004 637 254 ) ចំឡុះផ្ទេចូលទឹកប្រាក់ ចំនួន ៤ ០០០ដុល្លារ ទៅគណនីជនសង្ស័យឈ្មោះ សំ យោធិន ធនាគារ ACLEDA ក្រោយពេលជនសង្ស័យមើលឃើញទឹកប្រាក់ ៤ ០០០ដុល្លារនេះ ចូលក្នុងគណនីរបស់ខ្លួនក៏បានដកយក ១ ០០០ដុល្លារ ទៅចាយវាយ និងសល់ប៉ុន្មានផ្ទេរទៅគណនីមួយផ្សេងទៀត ទុកសម្រាប់ចាយវាយផ្សេងៗ។
លុះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពេលដឹងផ្ទេរប្រាក់ច្រឡំនារីជនរងគ្រោះបានទៅជួបស្នើសុំឱ្យជនសង្ស័យផ្ទេទឹកប្រាក់ដែលលើមកវិញ ប៉ុន្តែជនសង្ស័យមិនព្រម និងបានទាមទារកចំណែកពាក់កណ្តាល (២,០០០ដុល្លារ) ហើយជនរងគ្រោះមិនព្រម ទើបនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះ និងសាច់ញាតិបានមកជួបចរចារបន្ថែមទៀត ប៉ុន្តែជនសង្ស័យនៅតែមិនព្រមផ្ទេប្រាក់ឱ្យវិញ ទើបមកដាក់បណ្តឹងជូនសមត្ថកិច្ចដើម្បីជួយចំណាត់ការតែម្តង។
បុរសអ្នកលក់បាយឈ្មោះ សំ យោធិន បានឆ្លើយសារភាពថា៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោងប្រហែល១១និង០០នាទីខ្លួនបានឃើញក្នុងគណនីធនគារ អេស៊ីលីដា របស់ខ្លួនមានប្រាក់ ៤,០០០ដុល្លារ បានផ្ទេរចូលខុសប្រក្រតី និងបានដកយក ១ ០០០ដុល្លារ ទៅចាយទិញឥវ៉ាន់សល់ ៣,០០០ដុល្លារទៀត ផ្ទេរទៅគណនីផ្សេងដោយមិនដឹងជាប្រាក់អ្វីនោះទេ។ លុះនៅថ្ងៃទី០២ ខែធ្នូ ស្រាប់តែម្ចាស់ប្រាក់ជាអ្នកទិញបាយសាច់ជ្រូកខ្លួនមួយចានថ្លៃ ៤,០០០រៀល បានមកជួបសុំឱ្យផ្ទេរប្រាក់ដែលគេផ្ទេរលើសនោះវិញ ប៉ុន្តែខ្លួនមិនព្រមដោយទាមទារមួយចំណែកក៍មិនត្រូវគ្នា។
អ្នកលក់បាយដដែលបានបន្ថែមទៀតថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក៍ឃើញម្ចាស់ប្រាក់មកជួបសុំ ចរចារម្តងទៀត ហើយខ្លួនសុំ ១,០០០ដុល្លារ ជាថ្ងូរនឹងការផ្ទេរប្រាក់ឲ្យវិញ ប៉ុន្តែភាគីម្ចាស់ប្រាក់មិនព្រម ហើយនាំខ្លួនមកប៉ុស្តិ៍តែម្តង។ ចំពោះប្រាក់នោះខ្លួនបានដកយកទៅចាយទិញឥវ៉ាន់ និងខ្លះទៀតឲ្យបងប្អូនមិត្តភ័ក្ត្រខ្ចីអស់។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ប្រាក់ ៥៤៥ដុល្លារ ប្រាក់ថៃ ២៤០បាត ប្រាក់រៀល ៨,២០០រៀល ទូរសព្ទដៃ ០២គ្រឿង និងម៉ូតូ ០១គ្រឿង។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕