ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនដោយមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០២កង់ និងធ្វើឱ្យរថយន្តដាច់កង់ចេញពីរថយន្តរងការខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2AL-7860 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នបានរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន០២កង់ និងធ្វើឱ្យរថយន្តដាច់កង់ចេញពីរថយន្តអូសទៅមុខប្រមាណ៥០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយខូចខាតតែរបាំងថ្ម និងរថយន្ត Prius មួយគ្រឿងប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍ដើម្បីសហការធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕