2023-12-19 11:24
264

ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរីតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកវើនសៃចំនួន១រូប បន្ថែមលើរចនាសម្ព័ន្ធចាស់។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុកវើនសៃដោយបានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ យុវជនសសយក និងមន្ត្រីសាលាស្រុកជាច្រើនរូបទៀត។

យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងមន្ត្រីរាជការ ចំនួន១រូបក្នុងគឺលោក ថុង សៀងវ៉ាន់ជាអភិបាលរង នៃគណៈអភិបាល ស្រុកវើនសៃ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម មួង ប៉ាង បានណែនាំលោកថុង សៀងវ៉ាន់  ដែលទើបទទួលតំណែងថ្មីជាអភិបាលរងស្រុកវើនសៃ រួមទាំងក្រុមប្រឹក្សា គណៈអភិបាល ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងខិតខំធ្វើការងារ ដោយសហការណ៍  និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំងបី ។ជាពិសេសខិតខំប្រឹងប្រែងលះបង់ពេលវេលា  កម្លាំងកាយចិត្ត  និងស្មារតីដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង   ជាពិសេសធ្វើយ៉ាងណាឱ្យការងាររដ្ឋបាលទូទៅ  ការងារផ្ដល់សេវាសាធារណៈ  ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ  ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន  ប្រកបដោយគុណភាព  ដើម្បីឱ្យស្រុកវើនសៃមានការរីកចម្រើនលូតលាស់បានល្អប្រសើរថែមទៀត៕