2023-12-29 11:12
371

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តសណ្តោងទូកុងតឺន័របើកបញ្រ្ចាសមកបុកចំពីមុខពេញទំហឹងរួចកិនពីលើបន្ថែមបែកក្បាលស្លាប់ភ្លាមមួយរំពេច កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខបុរីញ៉ូថោន តាមផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
   បេីតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-7335 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុទល់មុខនឹងបុរីញ៉ូថោន ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0038 បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តកិនទៅលើបុរសជាម្ចាស់ម៉ូតូចំក្បាលបណ្តាលឲ្យបែកខួរស្លាប់ភ្លាមមួយរំពេច។ ភ្លាមៗនោះរថយន្តបង្កបានបន្តល្បឿនបើកទៅមុខជាច្រេីនម៉ែត្រ ទេីបឈប់ហើយចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោល ។ 
    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី៣ បានចុះមកពិនិត្យជុំវិញទីតាំងកើតហេតុ រួចទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធី ។បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕