ស្ទឹងត្រែង៖ ករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងរឹបអូសបាន ខណៈពេលក្រុមឧក្រឹដ្ឋជនធ្វើសកម្មភាពបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងមុខសញ្ញាជនសង្ស័យ ចំនួន ០២នាក់បានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នមាំ២០២៤ វេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណយុចអូរធំជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបានគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរសព្ទ ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន ០១គ្រឿង និងជនសង្ស័យ ចំនួន ២នាក់ បានរត់គេចខ្លួន។
កម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង ០២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង៕