2024-01-24 04:01
147

ឯកឧត្តម ឯម ម៉ាអូរី អនុប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំ មន្ដ្រី សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ចុះសួរសុខទុក្ខ គ្រូបង្រឹក និង កីឡាករកីឡាការិនី កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ។

នាឱកាសនោះឯកឧត្តម ឯម ម៉ាអូរី បានលើកទឹកចិត្ត ឲ្យកីឡាករកីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់ពង្រឹង អភិវឌ្ឍសមត្ថភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមដណ្តើមយកមេដាយជូនជាតិពីការប្រកួតលក្ខណៈអន្តរជាតិនានា ក្នុងឱកាសដែល សហព័ន្ធបញ្ជូនទៅចូលរួមប្រកួត ។ 

ជាមួយគ្នានោះដែរ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ កីឡាករកីឡាការិនី នឹងខិតខំប្រឹងប្រែង ឲ្យសាកសម ទៅនឹងការ ចំណាយពេលវេលាចាកចេញពីការជួបជុំគ្រួសារ  មកប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរុំបញ្ជាការដ្ឋានទ័ពជើងទឹក ក្រោមការបង្ហាត់បង្រៀនពីលោក ស៊ូជិ ជនជាតិជប៉ុន និង គ្រូបង្វឹកកម្ពុជា ដែលអាច បង្កើនសមត្ថភាពឲ្យក្មួយៗ  ក្លាយជាកីឡាករកីឡាការិនីមានសក្កានុពលនៅក្នុងតំបន់។ ទន្ទឹមគ្នានោះ ឯកឧត្តម បានណែនាំ និង ផ្តល់នូវបទពិសោធន៍មួយចំនួន ដែល ធ្លាប់ឆ្លងកាត់ជាជីវិតកីឡាករទូក តាំងពីវ័យក្មេងមកផងដែរ។ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ននេះ ឯកឧត្តមមានវ័យ៨០ឆ្នាំហើយ ដោយសារតែជីវិតជាអ្នកលេងកីឡា សុខភាពរបស់ឯកឧត្តម នៅមាំទាំល្អ ប្រសើរជាងអ្នកមិនលេងឬហ្វឹកហាត់កីឡា។ ដូចនេះកីឡាមិនត្រឹមតែអាចដណ្ដើមបានកិត្តិយស ជូនក្រុម សមាគម និងប្រទេសជាតិប៉ុណ្ណោះទេ    កីឡាក៏អាចមានសុខភាពមាំទាំល្អ ថែមទៀតផង ។ ក្នុងអាជីពជាអ្នកកីឡា   កីឡាករ កីឡាការិនី មានតែការខិតខំប្រឹងប្រែងមួយគត់ ទើបអាចនាំយើងទៅដល់គោលដៅដែលយើងចង់បាន អាចដណ្តើមបានមេដាយធំៗមកជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ  ពេលនោះកេរ្តិ៍ឈ្មោះ និងកិត្តិយស ក៏ទទួលបានតាម នោះដែរ។ 

ក្នុងនាមអនុប្រធានសហព័ន្ធ ឯកឧត្តម សូមលើកទឹកចិត្តដល់កីឡាករកីឡាការិនី ក្នុងឱកាសទៅចូលរួមក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ អេស៊ាន កានូ ស្លេម៉ុន (Asian Canoe Slalom) នៅ ខេត្តប៉ាតាយ៉ា ទីក្រុងរ៉ា     យ៉ុង ប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ខែ កុម្ភៈដល់ថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៤ និង ចូលរួម ការប្រកួតជើងឯកអាស៊ី កានូ ស្លាម៉ុន  (Canoe Slalom) លើកទី១៣ និង អេស៊ាន កានូស្លាម៉ុន ជូណ័រ ឈែមភៀនស៊ីព  ប៉ាតាយ៉ារ៉ៃយ៉ុង (Asian Canoe Slalom Junior Championships, Pattaya-Rayong) ពីថ្ងៃពីទី៥ ដល់ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៤ សូមយកចិត្តទុកដាក់ខិតខំស្វែងយល់ស្រូបយក ចំណេះដឹង និង បទពិសោធន៍ អភិវឌ្ឍសមត្ថភាព ដណ្តើម បានមេដាយពីការប្រកួតដ៏ធំ មកជូនកម្ពុជា។ ជាមួយគ្នានោះដែរ  ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនអម្រិត ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់កីឡាករយើង និង បានផ្តល់ការលើកទឹកជូនដល់កីឡាករកីឡាការិនីបញ្ចុះតម្លៃជូន៥០%សម្រាប់ការចូលរៀននៅមហាវិទ្យាល័យ  ផងដែរ៕