2024-01-25 04:01
163

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ (១/៤) ចំនួន ៤ក្រុម រួមមានក្រុមជើងឯក ៣សម័យកាលជាប់គ្នា វិសាខា, ក្រុមព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និង ក្រុម ISI ដង្កោសែនជ័យ បន្ទាប់ពីក្រុមសមាជិកលីគកំពូលកម្ពុជាទាំង៤ បានបញ្ជាគ្រាប់បាល់ឲ្យសម្រេចទី គូប្រកួតសរុប ៥២គ្រាប់ ក្នុងជំនួប ២ជើង នៃវគ្គ ១៦ក្រុមចុងក្រោយ។

មុន ឡើងវគ្គ ១ភាគ៤ ផ្ដាច់ព្រ័ត្រ សម្រាប់ក្រុម ការពារតំណែងជើងឯក វិសាខា បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម សរុបទាំង ២ជើង ក្នុងលទ្ធផល ១៥-១ បន្ទាប់ពួកគេ បានបន្ដយកឈ្នះក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២៣ នេះដោយលទ្ធផល ១២-០ លើទឹកដីខ្លួន ក្នុងជំនួបកាត់សេចក្ដីជើងទី២ កាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ កាលពីជើងទី១ វិសាខា បានយកឈ្នះក្រៅដី តែ៣ទល់ ១ ប៉ុណ្ណោះ។

ចំណែកក្រុមកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះខេត្តបន្ទាយមានជ័យ សរុបទាំង ២ជើង ដោយលទ្ធផល ១០-០ ក្នុងនោះជើងទី១ ពួកគេ បានយកឈ្នះ ៤-០ លើទឹកដីរបស់ខ្លួន មុនបន្ដយកឈ្នះ ៦-១ ក្នុងជំនួបជើងទី២ នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន កាលពីម្សិលមិញ។ រីឯក្រុមភ្នំពេញក្រោន បានយកឈ្នះខេត្តត្បូងឃ្មុំ សរុបទាំង ២ជើង ក្នុងលទ្ធផល ១១-១ ក្រោយពួកគេ បានបន្ដយកឈ្នះក្នុងជើងទី២ ៩-០ លើទឹកដីខ្លួនកាលពីយប់មិញ។

ដោយឡែកក្រុម ISI ដង្កោសែនជ័យ គឺជាក្រុមលីគកំពូលកម្ពុជាតែមួយគត់ ដែលរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងជំនួប ២ជើង ជាមួយក្រុមអង្គរស៊ីធីអេហ្វស៊ី ដោយបានយកឈ្នះក្រុមក្របខណ្ឌលីគទី២ នេះ សរុប ១៦-០ ពោលគឺជើងទី១ ISI បានយកឈ្នះក្រៅដី ៧-០ និងជើងទី២ ពួកគេបានយកឈ្នះលើទឹកដីខ្លួន ៩-០។បន្ទាប់ពីទទួលបានជ័យជម្នះទាំង ២ជើងខាងលើ ក្រុមនីមួយៗ ត្រូវឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ដោយឈរចាំគូប្រកួត ៤ក្រុមផ្សេងទៀត ដែលត្រូវធ្វើការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ១/៨ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែមករាខាងមុខ ក្នុងនោះក្រុមវិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងព្រៃវែងអេហ្វស៊ី និងក្រសួងការពារជាតិ ខណៈព្រះខ័នរាជស្វាងរៀង ឈរចាំក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងអង្គរថាយហ្គឺរ។ រីឯភ្នំពេញក្រោន ឈរចាំក្រុមឈ្នះ រវាងក្រុមកងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ឈរចាំក្រុមឈ្នះ រវាងបឹងកេត និងសៀមរាបអេហ្វស៊ី៕